ថ្នាក់មត្តេយ្យ

កម្មវិធីសិក្សាទ្វេភាសា

កម្មវិធីសិក្សាថ្នាក់មត្តេយ្យនៅបាមប៊ូចាយ៉ា

ការរៀនពីសង្គម ភាសា និងជំនាញអនុវត្តជាក់ស្តែងតាមរយៈការសហការ ការធ្វើត្រាប់តាម ការលេង និងទម្លាប់ប្រចាំថ្ងៃ

នៅថ្នាក់មត្តេយ្យ ក្មេងៗធ្វើការសង្កេតនិងធ្វើត្រាប់តាមដោយយកចិត្តទុកដាក់ ដូច្នេះវាជាពេលដ៏សំខាន់ក្នុងការបង្រៀនទម្លាប់ល្អៗនិងការផ្តល់តម្លៃដែលនឹងនៅស្ថិតស្ថេរក្នុងជីវិតរបស់គាត់។ ពួកគេមានការចាប់អារម្មណ៍ទៅលើអ្វីដែលមនុស្សនៅជុំវិញខ្លួនធ្វើនិងចង់មានកិច្ចការដែលមានគោលបំណងច្បាស់លាស់សម្រាប់ខ្លួនគាត់ធ្វើ ប៉ុន្តែពួកគេត្រូវការពេលវេលាក្នុងការសិក្សាស្វែងយល់បន្ថែមពីពិភពលោកនិងអភិវឌ្ឍការស្រមើស្រមៃឱ្យកាន់តែទូលំទូលាយ។

ក្រោយមក ពួកគេអាចរួមបញ្ចូលនូវភាពងឿងឆ្ងល់ជាមួយនឹងភាពអាណិតអាសូរក្នុងការយល់ពីពិភពលោកឱ្យកាន់តែប្រសើរនិងផ្តល់ដំណោះស្រាយចំពោះបញ្ហាដែលកើតមានឡើង។

“តើលោកគ្រូអ្នកគ្រូអាចរកសៀវភៅអំពីអ្វីទៅជាការបង្រៀននៅឯណាបាន? សិស្សានុសិស្សផ្ទាល់គឺជាសៀវភៅ។ យើងមិនគួររៀនពីការបង្រៀនចេញពីសៀវភៅណាក្រៅពីសៀវភៅដែលមាននៅនឹងមុខយើងស្រាប់នោះទេ។ ”

Rudolf Steiner

ការលេងនៅខាងក្រៅនៅបាមប៊ូចាយ៉ា

ដោយផ្តើមជាមួយនឹងការយល់បានយ៉ាងសុីជម្រៅពីការអប់រំដោយការធ្វើដោយដៃ ដោយចិត្ត និងដោយគំនិតប្រាជ្ញា ពួកយើងនៅបាមប៊ូចាយ៉ាផ្តល់ពេលវេលាគ្រប់គ្រាន់ដល់ក្មេងៗក្នុងការអភិវឌ្ឍជំនាញ អារម្មណ៍ និងចំណេះដឹងតាមរយៈវិធីសាស្រ្តដែលមានលក្ខណៈសមស្របទៅតាមអាយុរបស់ពួកគេ។ ក្នុងកម្មវិធីសិក្សាថ្នាក់មត្តេយ្យរបស់យើង ពួកយើងលើកទឹកចិត្តនិងផ្តល់តម្លៃទៅលើភាពស្ញើចសរសើរនិងភាពរីករាយនៃសម្រស់ជីវិតតាមរយៈភាពកក់ក្តៅនិងសោភ័ណភាពថ្នាក់រៀន សម្ភារលេង សិល្បៈ និងបរិស្ថានធម្មជាតិទាំងក្នុងនិងក្រៅថ្នាក់។

សកម្មភាពក្នុងថ្នាក់នៅបាមប៊ូចាយ៉ា

តាមរយៈការលេង សកម្មភាពជួបជុំ និងការនិទានរឿងជាពីរភាសា កិច្ចការដែលមានគោលបំណងច្បាស់លាស់ និងការសហការ ក្មេងៗរៀនពីភាពផ្សេងៗគ្នានៃភាសា គណិតវិទ្យា ជំនាញសង្គម និងការអនុវត្តជាក់ស្តែង។ បរិស្ថានដែលពោរពេញទៅដោយភាពកក់ក្តៅនិងការស្វាគមន៍របស់យើងរួមជាមួយនឹងទម្លាប់ប្រចាំថ្ងៃនិងសប្តាហ៍ដូចជា ការដុតនំ ការចម្អិនម្ហូប ការផាត់ពណ៌ ការងារហត្ថកម្ម ការលេងទឹកនិងការរុករក ការលេងល្បែង ការលេងនៅខាងក្រៅថ្នាក់ និងការសម្អាតជាកត្តាជម្រុញការលូតលាស់របស់ក្មេងៗទាំងផ្នែករាងកាយនិងប្រាជ្ញាស្មារតី។

ជំនាញភាសា

  • ស្តាប់និងធ្វើតាមការណែនាំងាយៗ
  • ស្តាប់អ្នកដទៃនិងរង់ចាំវេនរបស់ខ្លួនក្នុងការនិយាយ
  • រៀននិងអនុវត្តវាក្យសព្ទតាមរយៈសកម្មភាពប្រចាំថ្ងៃ
  • សម្គាល់សម្លេងព្យញ្ជនៈតាមរយៈការស្តាប់និងការនិយាយ
  • ធ្វើត្រាប់តាមការបញ្ចេញសម្លេងនៃពាក្យទូទៅនៃភាសាខ្មែរនិងអង់គ្លេស
  • និយាយល្បះពេញលេញ
  • សូត្រកំណាព្យ ច្រៀងចម្រៀង និងចូលរួមក្នុងការធ្វើចលនា
  • ប្រាប់ពីគំនិតនិងតម្រូវការ

ជំនាញគណិតវិទ្យា

  • រាប់លេខដើម្បីចូលរួមសកម្មភាពអនុវត្តជាក់ស្តែង
  • យល់ពីចំនួនលេខនិងសារៈសំខាន់របស់វា
  • បែងចែកវត្ថុទៅតាមក្រុម
  • សម្គាល់លេខសរសេរ
  • ដឹងពីលំនាំនិងជំហានក្នុងការធ្វើកិច្ចការងាយៗ

ជំនាញសង្គមនិងសតិអារម្មណ៍

  • បង្ហាញការគោរព ចិត្តអាណិតអាសូរ និងការយកចិត្តទុកដាក់លើអ្នកដទៃ
  • បង្ហាញភាពឯករាជ្យក្នងទម្លាប់ប្រចាំថ្ងៃ
  • សហការជាមួយអ្នកដទៃក្នុងការបំពេញការងារ
  • បង្ហាញការអរគុណនិងការថែរក្សាបរិស្ថានថ្នាក់រៀន
  • យល់និងមានអាកប្បកិរិយាល្អ
  • អនុវត្តការគ្រប់គ្រងខ្លួនឯង
  • បង្ហាញការជឿជាក់លើខ្លួនឯងនិងមានសមត្ថភាពក្នុងការបំពេញកិច្ចការ

បំណិនជីវិតនិងកាយសម្បទា

  • អនុវត្តការមានអនាម័យល្អ
  • ជួយរៀបចំអាហារសម្រន់
  • ជួយសម្អាតប្រចាំថ្ងៃ
  • ធ្វើតាមលំនាំនិងទម្លាប់ប្រចាំថ្ងៃរួមជាមួយនឹងការរៀបចំនិងការសម្អាត
  • អភិវឌ្ឍការសហការរវាងភ្នែកនិងដៃតាមរយៈការងារហត្ថកម្មនិងសិប្បកម្មដែលមានភាពលម្អិត
  • អភិវឌ្ឍការធ្វើការរួមគ្នានិងការរក្សាលំនឹងរាងកាយតាមរយៈការលេងនៅខាងក្រៅដូចជាការឡើង ការរត់ ការជីក និងយោលទោង។