ការអប់រំ Waldorf

សាលាទ្វេភាសាបាមប៊ូចាយ៉ា

សាលា Waldorf បាមប៊ូចាយ៉ា

តើសាលា Waldorf​ ជាសាលាបែបណា?

សាលា Waldorf​ ជាសាលាដែលប្រើប្រាស់ការអប់រំមួយដែលបានបង្កើតឡើងដោយទស្សនវិទូនិងអ្នកវិទ្យាសាស្រ្តជនជាតិអូទ្រីស Rudolf Steiner នៅដើមសតវត្សទី២០។ 

វិធីបង្រៀនបែប Waldorf ពឹងផ្អែកទៅលើការកត់សម្គាល់ដំណាក់កាលនៃការអភិវឌ្ឍរបស់កុមារ។ ទស្សនវិជ្ជាអប់រំ Waldorf ផ្តល់ការអប់រំបែបសិល្បៈដែលមុខវិជ្ជាដូចជាគណិតវិទ្យា ជីវវិទ្យា ឬអង់គ្លេសសុទ្ធតែបង្រៀនដោយផ្អែកទៅលើដំណាក់កាលលូតលាស់នីមួយៗរបស់កុមារ។ មុខវិជ្ជានីមួយៗត្រូវបានបង្រៀនតាមរយៈការធ្វើដោយផ្ទាល់និងរួមបន្ថែមជាមួយនឹងសិល្បៈ កំណាព្យ តូរ្យតន្រ្តី និងការសម្តែង។

“តើលោកគ្រូអ្នកគ្រូអាចរកសៀវភៅអំពីអ្វីទៅជាការបង្រៀននៅឯណាបាន ? សិស្សានុសិស្សផ្ទាល់គឺជាសៀវភៅ។ យើងមិនគួររៀនពីការបង្រៀនចេញពីសៀវភៅណាក្រៅពីសៀវភៅដែលមាននៅនឹងមុខយើងស្រាប់នោះទេ។ ”

Rudolf Steiner

នៅក្នុងថ្នាក់មត្តេយ្យ កម្មវិធីសិក្សាបែប Waldorf ផ្តល់នូវការរៀនដែលមិនមានសម្ពាធនិងការពារកុមារភាពរបស់សិស្សានុសិស្ស ពិសេសលើកទឹកចិត្តភាពច្នៃប្រឌិតនិងបណ្តុះការស្រមើស្រមៃរបស់ពួកគេ។ នៅពេលដែលកុមារកាន់តែធំដឹងក្តីឡើង ការរៀនរបស់ពួកគេកាន់តែមានល្បឿនលឿនជាងមុននិងផ្តល់នូវតម្រូវការនៃការលូតលាស់ដែលពួកគេត្រូវការ។

គោលដៅរបស់លោកគ្រូអ្នកគ្រូគឺអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនរបស់កុមារនីមួយៗដោយការបង្កើតបរិយាកាសដែលពោរពេញទៅដោយចំណាប់អារម្មណ៍ ភាពងឿងឆ្ងល់ ការស្ញប់ស្ញែង និងភាពស្វាហាប់នៅក្នុងថ្នាក់រៀន។

ថ្នាក់ធ្វើចលនាបាមប៊ូចយ៉ា
កន្លែងលេងខ្សាច់បាមបូចាយ៉ា

ការអប់រំបែប Waldorf ខិតខំប្រឹងប្រែងក្នុងការដឹកនាំផ្លូវកុមារនីមួយៗក្នុងការអភិវឌ្ឍទេពកោសល្យនិងសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេនិងធំលូតលាស់ក្លាយទៅជាបុគ្គលដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងសង្គម។

ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ការអប់រំបែប Waldorf សាយភាយនៅជុំវិញពិភពលោក ហើយសាលាជាច្រើនដូចជា បាមប៊ូចាយ៉ាធ្វើការស្វែងរកភាពច្នៃប្រឌិតនិងរបកគំហើញថ្មីៗរបស់ពួកគេពីស្នាដៃរបស់ Rudolf Steiner និងកម្មវិធីសិក្សាបែប Waldorf។

កម្មវិធីអប់រំបែប Waldorf ផ្តល់នូវកម្មវិធីសិក្សាដ៏រឹងមាំដែលត្រូវបានបង្រៀនយ៉ាងសមស្របទៅតាមការលូតលាស់និងការអភិវឌ្ឍរបស់កុមារ ក៏ដូចជាលាយបញ្ចូលជាមួយនឹងសិល្បៈ។ វិធីសាស្រ្តដ៏សមស្របនេះផ្តល់នូវលទ្ធផលសិក្សាដែលកាន់តែប្រសើរ។

ជាការពិត សិស្សានុសិស្សដែលឆ្លងកាត់ការអប់រំបែប Waldorf ត្រូវបានបញ្ជាក់និងរកឃើញថា ពួកគេមានសមត្ថភាពស្មើឬធ្វើបានល្អជាងសិស្សានុសិស្សដទៃទៀតទៅលើផ្នែកគណិតវិទ្យា វិទ្យាសាស្រ្ត និងការអាន។

ក្រៅពីការអភិវឌ្ឍប្រាជ្ញាស្មារតី អ្វីដែលសំខាន់ដូចគ្នានោះគឺសមត្ថភាពមួយចំនួនទៀតដូចជា ការគ្រប់គ្រងអារម្មណ៍និងមានហេតុផល ទំនាក់ទំនងសង្គម ភាពបត់បែន ភាពរឹងបុឹង និងការប្តេជ្ញាចិត្តក៏សុទ្ធតែជាសមត្ថភាពដែលត្រូវអភិវឌ្ឍផងដែរ ពិសេសត្រូវការចំណាយពេលបន្តិចក្នុងការឃើញលទ្ធផល។

ការលេងនៅខាងនៅបាមប៊ូចាយ៉ា

សាលាទ្វេភាសាបាមប៊ូចាយ៉ាផ្តល់កម្មវិធីសិក្សាដ៏រឹងមាំដែលសិស្សានុសិស្សពូកែទាំងខាងប្រាជ្ញាស្មារតីនិងអាចបន្តទៅសាកលវិទ្យាល័យដោយគ្មានក្តីបារម្ភ។

ព័ត៌មានខ្លះៗពីវិធីសាស្ត្របង្រៀនបែប Waldorf

តូរ្យតន្រ្តី សិល្បៈ និងការធ្វើចលនាត្រូវបានបញ្ចូលទៅក្នុងការសិក្សាដែលទាំងនោះត្រូវបានផ្តោតលើការរាំ ការផាត់ពណ៌ ខ្លុយ ukulele ច្រៀងចម្រៀង ការចាក់អំបោះជាមួយនឹងម្ជុលមួយនិងម្ជុលពីរ ការឆ្លាក់ឈើ និងសិប្បកម្មធម្មជាតិ។

ការនិទានរឿង

ការនិទានរឿងត្រូវបានប្រើប្រាស់ដើម្បីបណ្តុះការស្រមើស្រមៃ រៀនវាក្យសព្ទ ការនិយាយ ពង្រឹងការយកចិត្តទុកដាក់ និងបង្រៀនមុខវិជ្ជាដូចជាគណិតវិទ្យា ប្រវត្តិសាស្រ្ត ភូមិវិទ្យា វិទ្យាសាស្ត្រសង្គម ការសរសេរ និងការអាន។

មេរៀនគោល

មេរៀនគោលមានបញ្ចូលគ្រប់មុខវិជ្ជាទាំងអស់ដែលត្រូវបានបង្រៀនក្នុងរយៈពេលពី៤-៦សប្តាហ៍ដែលផ្តល់ពេលវេលានិងឱកាសដល់សិស្សានុសិស្សក្នុងការសិក្សាឱ្យបានសុីជម្រៅនិងផ្សារភ្ជាប់ទំនាក់ទំនងផ្ទាល់ខ្លួនទៅនឹងប្រធានបទ។

ធម្មជាតិ

វិធីសាស្រ្តបង្រៀនបែប Waldorf មានការសង្កត់ធ្ងន់លើការថែរក្សាធម្មជាតិនិងបរិស្ថាន។ ក្មេងៗចំណាយពេលនៅខាងក្រៅក្នុងការស្វែងយល់ពីពិភពលោកដែលនៅជុំវិញពួកគេដើម្បីយល់ឱ្យកាន់តែស៊ីជម្រៅពីវិទ្យាសាស្រ្តនិងធម្មជាតិ។

ការសិក្សាទ្វេភាសា

ការផ្តោតលើការសិក្សាពីរភាសាទាំងភាសាអង់គ្លេសនិងភាសាខ្មែររបស់សិស្សានុសិស្សនៅបាមប៊ូចាយ៉ាចាប់ផ្តើមតាំងពីថ្នាក់មត្តេយ្យ។

ជីវិតពិត

ក្មេងៗរៀនធ្វើកិច្ចការក្នុងជីវិតប្រចាំថ្ងៃដូចជាការថែទាំគេហដ្ឋាន ការចម្អិនម្ហូប ការងារសិល្បៈដោយប្រើវត្ថុធាតុដើមធម្មជាតិ និងការដាំំដំណាំ។

ក្រុមសិក្សា

លោកគ្រូអ្នកគ្រូបន្ទុកថ្នាក់នឹងបន្តជាមួយសិស្សរបស់ពួកគាត់ពីថ្នាក់ទី១រហូតដល់ថ្នាក់អនុវិទ្យាល័យ។ នេះនឹងផ្ដល់ឱកាសឱ្យពួកគាត់អភិវឌ្ឍទំនាក់ទំនងជាមួយសិស្សរបស់ពួកគាត់បានកាន់តែរឹងមាំ ពិសេសអភិវឌ្ឍកម្មវិធីសិក្សាដែលផ្អែកទៅតាមតម្រូវការនិងទេពកោសល្យដែលសិស្សានុសិស្សរបស់ពួកគាត់ត្រូវការ។

ការកំណត់ទៅលើការប្រើប្រាស់បច្ចេកវិទ្យា

ការប្រើប្រាស់បច្ចេកវិទ្យាមិនត្រូវបានលើកទឹកចិត្តសម្រាប់កុមារតាំងពីនៅថ្នាក់មត្តេយ្យទាំងនៅសាលានិងនៅផ្ទះ។ ដូច្នេះគ្រួសារដែលបានចុះឈ្មោះកូនចូលរៀននឹងតម្រូវឱ្យមានការកំណត់លើការប្រើប្រាស់កុំព្យូទ័រ ទូរទស្សន៍ និងវីដេអូហ្គេមផ្សេងៗ។

ការសិក្សាតាមរដូវកាល

ការសិក្សាតាមរដូវកាលនិងពិធីបុណ្យផ្សេងៗត្រូវបានបង្រៀននិងប្រារព្ធពេញមួយឆ្នាំ។

ចំណុចពិសេសរបស់កម្មវិធីសិក្សា Waldorf

ការត្រៀមខ្លួននិងការប្តេជ្ញា

អ្នកជំនាញខាងការអភិវឌ្ឍកុមារបានកំពុងតែធ្វើការបញ្ជាក់ទៅលើអ្វីដែល​ Rudolf Steiner ស្ថាបនិកសាលា Waldorf ជឿជាក់កាលពី១០០ឆ្នាំមុនថា៖

ក្មេងៗពិតជារៀនដោយមោះមុតនិងដោយធម្មជាតិ

តាំងពីថ្នាក់មត្តេយ្យរហូតដល់វិទ្យាល័យ បាមប៊ូចាយ៉ាមិនត្រឹមតែផ្តល់នូវចំណេះដឹងក្នុងការរៀនសូត្រនោះទេ ពួកយើងក៏ធ្វើការបណ្តុះនិងអភិវឌ្ឍការគិតនិងយល់លឿន មានការវែកញែក និងមានការសណ្តោសប្រណីដែលមនុស្សវ័យក្មេងនឹងត្រូវការ។ លោកគ្រូអ្នកគ្រូរបស់យើងធ្វើការបង្ហាត់បង្រៀននិងពង្រឹងសមត្ថភាពក្មេងម្នាក់ៗក្នុងការចូលរួមដោយភាពវាសវៃ ការគិតចេញពីគំនិតខ្លួនឯង មានហេតុផលច្បាស់លាស់ និងសមត្ថភាពក្នុងការធ្វើអ្វីដែលចេញពីគំនិត។

ជំនួសឱ្យការបង្រៀនកុមារពីអ្វីដែលហួសពីការអភិវឌ្ឍផ្នែកប្រាជ្ញាស្មារតីនិងអារម្មណ៍របស់ពួកគេ ការសិក្សាបែប Waldorf របស់យើងធ្វើការការពារកុមារភាពរបស់កុមារគ្រប់រូបដោយការបង្រៀនជំនាញនិងគំនិតផ្សេងៗទៅតាមកម្រិតនៃការអភិវឌ្ឍយ៉ាងសមស្របរបស់កុមារនីមួយៗ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលសាលា Waldorf ជាច្រើននៅជុំវិញពិភពលោកបានបញ្ជាក់ថាការសិក្សាបែបនេះទទួលបានលទ្ធផលប្រសើរនិងមានភាពគង់វង្ស។

ចំណុចពិសេសរបស់កម្មវិធីសិក្សា Waldorf នៅបាមប៊ូចាយ៉ា

ខ្សែភាពយន្ត “Learn to Change the World(រៀនដើម្បីផ្លាស់ប្ដូរពិភពលោក)​ បង្ហាញពីមនុស្សមកពីជុំវិញពិភពលោកធ្វើការសិក្សាលើវិធីសាស្ត្របង្រៀនក្នុងសម័យរបស់ពួកយើង ដោយផ្អែកទៅលើការបង្រៀនបែប Waldorf/Steiner។

ការប្រារព្ធគម្រប់ខួប១០០ឆ្នាំរបស់ការអប់រំ Waldorf លើសកលលោក!

សាលាទ្វេភាសាបាមប៊ូចាយ៉ាបានប្រារព្ធគម្រប់ខួប១០០ឆ្នាំរបស់ការអប់រំ Waldorf ក្នុងឆ្នាំសិក្សា២០១៩២០២០ ដោយផ្តួចផ្តើមប្រារព្ធនិងធ្វើការអបអរគម្រប់ខួបទី១០០។ យើងបានចូលរួមជាមួយសាលា Waldorf ជាង១០០០សាលា ដោយការចូលរួមគម្រោងបរិស្ថាននិងសង្គមផ្សេងៗដើម្បីបង្ហាញពីទំនាក់ទំនងទាំងជាតិនិងអន្តរជាតិរបស់យើង ពិសេសចែករំលែកនូវវប្បធម៌និងតម្លៃនៃការអប់រំបែប Waldorf នៅទូទាំងសកលលោក។

ព័ត៌មានអំពីការអប់រំ Waldorf ៖

Waldorf ១០០: waldorf-100.org

History of Waldorf Education

ផ្នែកទី២នៃ  “Learn to Change the World“ (រៀនដើម្បីផ្លាស់ប្ដូរពិភពលោក)​ បង្ហាញពីការជួបជុំ ការចូលរួម និងការរាប់បញ្ចូល។

“Becoming” គឺជាខ្សែភាពយន្តទី៣ដែលផលិតសម្រាប់ការប្រារព្ធខួប១០០ឆ្នាំរបស់ការអប់រំ Waldorf ។